គេទូរស័ព្ទមកប្រាប់ដែរ មុនគេប្រកាស CNN ហ្នឹងថា សុំអបអរសាទរ ដែលអ្នកឯងបានជាប់ក្នុងជម្រើសចុងក្រោយនៅលើពិភពលោកក្នុងចំណោម៧៥ ប្រទេសហ្នឹង។ ខ្ញុំគេងក៏មិនលក់... នឹកឃើញថា វាមិនគួរឲ្យជឿ»។ លោកស្រី នួន ភិមាន នាយិកាអង្គការលើកស្ទួយប្រជាពលរដ្ឋ។ ខាងលើនេះជាប្រសាសន៍ លោកស្រី នួន ភីមាន អាយុ៣៧ឆ្នាំ ជាវីរនារីម្នាក់ ក្នុងចំណោមវីរជន ១០នាក់ ប្រចាំទូរទស្សន៍ CNN អាមេរិក ឆ្នាំ២០០៨ ដែលបានជ្រើសរើសចេញពីបេក្ខជន បេក្ខនារី ជិត ៤.០០០នាក់ក្រោមការត្រួតពិនិត្យល្អិតល្អន់ចេញពីចំនួន៧៥ប្រទេស។ លោកស្រី នួន ភីមាន មានស្រុកកំណើត នៅខេត្តកំពង់ចាម ជាកូនកំព្រាម្តាយតាំងពីតូច។ លោកស្រីអះអាងថា មុននឹងទូរទស្សន៍ CNN អាមេរិក សម្រេចជ្រើសរើសជាវីរនារីឆ្នើម ក្រុមការងារស្ថានីយទូរទស្សន៍ CNN នោះ សាកសួរជាច្រើនម៉ោងអំពីការងាររបស់អង្គការដែលអ្នកស្រីបង្កើត ដែលដាក់ឈ្មោះថា អង្គការលើកស្ទួយប្រជាពលរដ្ឋ (PIO) ដែលជួយកុមាររើសសំរាម កុមារក្រីក្រ និងស្រ្តីខ្មែរគ្មានមុខរបរយកទៅបណ្តុះបណ្តាលឲ្យបានរៀនពីថ្នាក់ មតេ្តយ្យរហូតដល់ថ្នាក់ទី៩ និងកុមារីនិងស្រ្តីមួយចំនួនទៀត ឲ្យរៀនមុខជំនាញផ្សេងៗសម្រាប់ចិញ្ចឹមជីវិត ៦០០នាក់។ លោកស្រី នួន ភីមាន មានប្រសាសន៍ដូច្នេះថា ៖ «ខ្ញុំគិតថា ទោះជាក្រក៏យើងត្រូវតែចេះអាន ចេះសរសេរដែរ ហើយបើយើងចង់ជួយប្រទេសជាតិយើង គឺយើងត្រូវមានអ្នកចេះដឹងឲ្យច្រើន។ នេះគឺថា បើយើងមិនមានអ្នកចេះដឹងច្រើន ដូចក្លាយជាក្មេងហិតកាវ ឆក់ ប្លន់ គឺមកពីគ្មានភាពចេះដឹង ហើយជាពិសេសការអត់ឃ្លានហ្នឹងតែម្ដង»។ លោកស្រីអះអាងថា បទពិសោធន៍រហូតបានទទួលជ័យលាភីនេះ បានមកពីធ្វើការងារជាង១០ឆ្នាំជាមួយអង្គការអន្តរជាតិល្បីៗមួយ ចំនួន ពិសេសរៀនពីកុមារក្រីក្រមួយក្រុម ដែលរើសកាកសំណល់អាហាររបស់លោកស្រីបោះចោលនៅសួនច្បារមាត់ទន្លេ ក្រុងភ្នំពេញ ទើបលោកស្រីបង្កើតជាអង្គការលើកស្ទួយប្រជាពលរដ្ឋ ហៅកាត់ថា PIO នេះ ជួយកុមារឲ្យបានរៀនសូត្រនិងមុខជំនាញ។ ហើយអង្គការ PIO បានជួយសហការពីរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាល ទើបដំណើរការជួយគ្រួសារក្រីក្របានរៀនអក្សរនិងមុខជំនាញរហូតដល់ ៦០០នាក់។ លោកស្រី នួន ភីមាន មានប្រសាសន៍ថា ៖ «ជីវិតខ្ញុំផ្លាស់ប្ដូរពេល ហ្នឹងតែម្ដង ខ្ញុំគិតថា ខ្ញុំនឹងធ្វើអ្វីមួយដែលជួយក្មេងហ្នឹងដោយផ្ទាល់ ព្រោះខ្ញុំបានធ្វើការបទពិសោធន៍ជាមួយ UN ជាមួយអង្គការផ្សេងៗហ្នឹងច្រើន អ៊ីចឹងខ្ញុំថា នឹងធ្វើអ្វីមួយដើម្បីឲ្យជីវិតក្មេងមានការផ្លាស់ប្ដូរ»។ តំណាងឲ្យទូរទស្សន៍ CNN ចូលរួមអបអរសាទរដល់លោកស្រី នួន ភីមាន ជាប់ជាវីរនារីឆ្នើមក្នុងចំណោម ១០រូប ប្រចាំទូរទស្សន៍ CNN បានថ្លែងនៅយប់ថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកាថា ក្រុមការងាររបស់ស្ថានីយនោះបានចុះផ្ទាល់ដល់កន្លែង ដែលលោកស្រីកំពុងធ្វើការជាមួយក្រុមកុមាររើសសំរាម កុមារកំព្រា និងគ្រួសារក្រីក្រ។ រីឯម្ចាស់ជំនួយផ្សេងៗទៀត កំពុងជួយដល់អង្គការ PIO បានថ្លែងថា លោកស្រី នួន ភីមាន បានធ្វើឲ្យមានការផ្សព្វផ្សាយនៅលើសកលលោក ឲ្យមានចំណាប់អារម្មណ៍ដល់ប្រទេសកម្ពុជាអំពីវិធីជួយគ្នា ឲ្យមានមុខរបរនិងក្លាយពីកុមារអនាថាទៅរកការសិក្សា។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ក្នុងពិធីអបអរសាទរដល់លោកស្រី នួន ភីមាន ដែលជាប់ជាវីរនារីក្នុងចំណោម១០រូប ប្រចាំទូរទស្សន៍ CNN អាមេរិក ឆ្នាំ២០០៨ថា ៖ «គាត់ជានារីដ៏សាមញ្ញម្នាក់ ប៉ុន្តែល្បីឈ្មោះនៅក្នុងប្រជារាស្រ្ដ ដែលមានប្រជាជនទាំងអស់ មានជាង ៦ពាន់លាននាក់នៅលើពិភពលោក។ នេះក៏ជាមោទនភាពមួយដែរចំពោះប្រទេសកម្ពុជាយើងដែរ ដែលយើងបានឃើញថា យើងមិនខ្វះទេអ្នកដែលមានសុឆន្ទៈ អ្នកដែលមានបំណងចង់កសាងសង្គមមួយ ឬអ្នកដែលមានបំណងចង់ជួយសង្គមរបស់យើង។ សព្វថ្ងៃនេះ ក្រសួងព័ត៌មានកំពុងសហការជាមួយអង្គការពលកម្មអន្តរជាតិ (ILO) ដើម្បីធ្វើយ៉ាងណានៅឆ្នាំ២០១៥ យើងធ្វើឲ្យក្មេងដែលកំពុងធ្វើពលកម្មធ្ងន់ធ្ងរនេះ ធ្លាក់នៅតិចជាង ៨%»។ ក្នុងពិធីអបអរសាទរដល់លោកស្រី នួន ភីមាន ជាប់ជាវីរនារីក្នុងចំណោម១០រូប ប្រចាំទូរទស្សន៍ CNN អាមេរិក ឆ្នាំ២០០៨ ក្រុមកុមារៗរបស់អង្គការ PIO ក៏បានចូលរួមសម្ដែងសិល្បៈដែរ។ កុមារា ឈិន សុផាត សិស្សថ្នាក់ទី២នៃសាលាអង្គការ PIO អះអាងថា គេកំពុងរើសអេតចាយនៅគំនរសំរាមស្ទឹងមានជ័យ ស្រាប់តែមានអង្គការ PIO ហៅឲ្យចូលរៀនដោយមិនបង់ប្រាក់និងផ្តល់របបអាហារឲ្យទៀតផង។ កុមារា ឈិន សុផាត រៀបរាប់ដូច្នេះថា ៖ «កាលពីមុនមក ខ្ញុំគ្មានសង្ឃឹមទេ ដល់ហើយខ្ញុំរើសសំរាម ក៏ជួបម៉ាក់ ភីមាន ហើយគាត់ក៏នាំខ្ញុំមកចូលក្នុងសាលា PIO»។ កុមារីកំព្រា ឈ្មោះ ចាន់ណា កើតនៅស្រុកពារាំងខេត្តព្រៃវែង អះអាងថា សម្លៀកបំពាក់ របបអាហារជំនាញកែសម្ជស្សនិងកំពុងរៀនថ្នាក់ទី៩ នៅអនុវិទ្យាល័យ ជា ស៊ីម សាមគ្គី ផ្តើមចេញពីការឧបត្ថម្ភរបស់នាយិកាអង្គការលើកស្ទួយប្រជាពលរដ្ឋ PIO ដែលមានលោកស្រី នួន ភីមាន ជាប់ជ័យលាភីជាវីរនារីឆ្នើមម្នាក់ក្នុងចំណោម១០នាក់ ប្រចាំទូរទស្សន៍ CNN ឆ្នាំ២០០៨។ កុមារីសូមបួងសួងឲ្យនាយិកា នួន ភីមាន ជាប់លេខ១ ក្នុងចំណោម១០នាក់នោះ តាមរយៈការជួយបោះឆ្នោតតាមវ៉ឹបសាយថ៍ CNN.COM/HERO ដើម្បីបានប្រាក់ ១០ម៉ឺនដុល្លារ។ កុមារី ចាន់ណា រៀបរាប់ដូច្នេះថា ៖ «បើសិនជាគាត់ជាប់ឆ្នោតខាង នារីឆ្នើម ប្រាកដជាគាត់មានលុយច្រើននឹងជួយអ្នកក្រីក្រ រើសអេតចាយ ដូចជារូបខ្ញុំនិងបងប្អូនខ្ញុំ។ ខ្ញុំសូមបួងសួងឲ្យគាត់ជាប់ជាស្រីឆ្នើម CNN»។ ចំណែកកុមារី សុខ សូម៉ាលី អាយុ១៦ឆ្នាំ អះអាងថា ទើបរៀនថ្នាក់ទី៣ នៅសាលារបស់អង្គការ PIO និងរៀនជំនាញកែសម្ជស្ស។ សុខ សូម៉ាលី ឲ្យដឹងថា គេមកពីស្រុកក្រគរ ខេត្តពោធិ៍សាត់។ ម្តាយស្លាប់ដោយសារជំងឺទាចទឹក បន្សល់កូនៗ ១០នាក់ឲ្យឪពុកថែទាំ។ គេមករស់នៅភ្នំពេញ យកគំនរសំរាមជាផ្ទះ។ ក្រោយមកអង្គការPIO បានជួយពួកគេឲ្យបានរៀន មានអាហារហូបនិងមានកន្លែងស្នាក់នៅ។ នាយិកាប្រតិបត្តិនៃអង្គការលើកស្ទួយប្រជាពលរដ្ឋ PIO លោកស្រី នួន ភីមាន បានឲ្យដឹងថា អង្គការនេះមានទីតាំង៣កន្លែង នៅក្នុងក្រុងភ្នំពេញ។ អង្គការ PIO បានផ្តល់កន្លែងស្នាក់នៅដល់កុមារកំព្រាចំនួន៣០នាក់។ លោកស្រី នួន ភីមាន នឹងត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិកពេលឆាប់ៗនេះ ដើម្បីទទួលរង្វាន់និងពានរង្វាន់ជាវីរនារីឆ្នើមប្រចាំទូរទស្សន៍ CNN អាមេរិក ឆ្នាំ២០០៨ ដែលប្រារព្ធធ្វើនៅហូលីវូដទីក្រុង Los Angeles ហើយការប្រកាសលទ្ធផលជ្រើសរើសក្នុងចំណោម ១០នាក់ ក្លាយជាវីរជនឆ្នើមម្នាក់សម្រាប់ទូរទស្សន៍ CNN អាមេរិកឆ្នាំ២០០៨ នឹងប្រព្រឹត្តទៅនៅថ្ងៃ២៧ ខែវិច្ឆិកា ខាងមុខ។ លោកស្រី នួន ភីមាន មានប្រសាសន៍ថា ៖ «ប្រទេសខ្មែរតូច គេមិនសូវស្គាល់ ហើយក្នុងចំណោមទាំងអស់ ដូចប្រទេសផ្សេងៗ ដូចចិន ដូចថៃ លើពិភពលោក ប៉ុន្តែហេតុអីបានខ្មែរយើងជាប់? អ៊ីចឹង ៩នាក់ សុទ្ធតែអ្នកនៅអាមេរិកទេ តែគេចេញទៅជួយនៅប្រទេសផ្សេងៗ...។ ហើយយើងខ្មែរ ស្រ្តីខ្មែរ ហើយយើងជាតិខ្មែរ យើងជួយកូនខ្មែរ»៕
Archives
-
▼
2008
(61)
-
▼
November
(59)
- Mumbai beset by skirmishes, standoffs
- Recovered identity: Cambodian community in Portlan...
- Thailand braced for bloody night to break airport ...
- The Cambodian ambassador to the UK talked about “p...
- Student demonstration in Phnom Penh
- Pregnant for third time? Angelina Jolie: Not true.
- Chinese FM: President Hu's participation in APEC m...
- 2nd Bangkok airport closed
- Opposition Concerned Over Economy
- 6 foreigners among 101 dead in terror attacks in M...
- Situation in the disputed borders near Preah Vihea...
- Cambodia will not raise the issues of border dispu...
- VJ អាណូ បង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុ...
- ប្រមុខដឹកនាំ Al Qaïda ជេរប្រមាថលោក Obama
- The good news: inflation rate dropped; The bad new...
- ឱសថក្លែងក្លាយ២៦មុខ
- Hok Lundy’s grave is 10-meter away from his lavish...
- Cambodia's Khmer Rouge executioner
- Police say no investigation into DJ Ano 'disappear...
- Obituary: General Saukam Khoy, the last acting pre...
- Opposition complaints irk premier [-Once a cheater...
- 4 dead, 17 missing from E China subway tunnel coll...
- Gaza homemade rockets wound 6 Israelis
- Chinese president arrives in Costa Rica for state ...
- Strong quake rocks eastern Indonesia
- កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ
- រុស្ស៊ីប្រកាសផ្សារភ្ជាប់ទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក
- តុល្យកានៃជំនួបG២០នៅសហរដ្ឋអាមេរិក
- ចោលួចចិត្ត(សុវត្ថិ-នីសា)
- ព្រះពាយផាត់
- ប្រាស្នា៤ខ
- អនិច្ចាអ្នកស្រែ
- kim chiu - The Moon Represent My Heart
- Fukuda Saki - Good bye my love
- S.H.E - Goodbye My Love ktv
- ទឹកភែ្នកសំងាត់
- ដប់ឆ្នាំចាំពៅ
- របាំជូនពរសម្តេចម៉ែ
- ប្រវត្តិនៃពិធីបុណ្យបណ្ដែតប្រទីប
- មនុស្ស៧នាក់ស្លាប់
- ទិដ្ឋភាពនៃពិធីបុណ្យអុំទូកថ្ងៃចុងក្រោយ
- វីរនារីឆ្នើមរបស់ CNN ឆ្នាំ២០០៨
- Angelina Jolie plans to "fade away" from Hollywood
- Suicide blast kills 11, wounds 70 more in E Afghan...
- តុលាការពន្យារពេលឃុំខ្លួន អៀង សារី និងអៀង ធីរ...
- Paulson ប្តូរយុទ្ធសាស្រ
- តែងតាំងឧត្តមសេនីយ៍ នេត សាវឿន ជាអគ្គស្នងការថ្មី
- Mix Music(Click here to Listent Mp3
- Music(Click here to listent Mp3)
- Barack Obama និងលោក George Bush
- កិច្ចចរចាខ្មែរ-ថៃ11/11/08
- លោក ហុក ឡងឌី អគ្គនាយកនគរបាលជាត
- Hok Lundy died( Hot news)
- Polpot History
- ខៀវ សំផន កើតឆ្នាំ ១៩៣១
- នួន ជា កើតឆ្នាំ ១៩២៦
- ឆ្នាំ ១៩៧៦ អៀង សារី
- ក្រសួងមហាផ្ទៃ
- New Zealand 'enters recession'
-
▼
November
(59)
My Blog List
Followers
វីរនារីឆ្នើមរបស់ CNN ឆ្នាំ២០០៨
Posted by Mr.Phalla at 2:56 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment