Archives

Followers

ទិដ្ឋភាពនៃពិធីបុណ្យអុំទូកថ្ងៃចុងក្រោយ


ថ្ងៃព្រហស្បតិ៍ ទី១៣ វិច្ឆិកា គឺជាថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ។
ទិដ្ឋភាពនៃពិធីបុណ្យអុំទូក នាថ្ងៃ១៣ ខែវិច្ឆិកា ២០០៨។
សេចក្តីរាយការណ៍ពីអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីបានឲ្យដឹងថា នៅក្នុងរាជធានីភ្នំពេញនៅទិវាចុងក្រោយនេះមានសភាពអ៊ឹកអធឹក ក្រៃលែង។
យើងបានសាកសួរទៅភ្នំពេញជាមួយនឹងអ្នកយកព័ត៌មាន២នាក់នៅក្នុង ពិធី។ ដំបូងយើងចាប់ផ្តើមទៅកញ្ញា សោភ័ណ ជាមុនសិន ដើម្បីចង់ដឹងថាតើទិដ្ឋភាពថ្ងៃចុងក្រោយមានលក្ខណៈដូចម្តេចដែរ?
សោភ័ណ ៖ នៅថ្ងៃចុងក្រោយនៃកម្មវិធីបុណ្យអុំទូកនេះ ទិដ្ឋភាពមានមនុស្សច្រើនកកកុញនៅមុខវាំង ហើយនៅចុងបញ្ចប់នៃការបុណ្យអុំទូកម៉ោងប្រមាណ៥នេះ បើតាមកម្មវិធីរបស់គណៈកម្មការបុណ្យអុំទូកនោះ ទូកទាំងអស់មានចំនួន៤២៤ទូក ប៉ុន្តែទូកដែលមកចូលរួមប្រកួតប្រជែងពិតប្រាកដមានចំនួនតែ៤០៦ទូក តែប៉ុណ្ណោះ។
ហើយទូកដែលបានលទ្ធផលលេចធ្លោដែលគណៈកម្មការបានប្រកាសឈ្មោះ នោះមានលទ្ធផលទូកគូពិសេស។ នៅក្នុងនោះទូកទី១ បានទៅលើឈ្មោះ ព្រះទីន័ងចង្ហានហុយសែនចេស្ដា មកពីខេត្តកណ្ដាល ហើយទូកលេខ២ បានទៅលើឈ្មោះ គិរីវង់សុខសែនជ័យ មកពីខេត្តតាកែវ ចំណែកឯទូកគូពិសេសលេខ៣នោះ គណៈកម្មការបានប្រកាសដែរ ប៉ុន្តែថាការប្រកាសនោះមិនទាន់ត្រឹមត្រូវយកជាការបានទេ។
ម៉ាយ៉ារិទ្ធិ ៖ នៅក្នុងពិធីចុងក្រោយនេះ តើព្រះករុណា ព្រះមហាក្សត្រខ្មែរ លោកចូលរួមដែរឬទេ?
សោភ័ណ ៖ ម៉ោងប្រមាណ៤កន្លះ ព្រះករុណាលោកបានយាងចូលរួមក្នុងពិធីបុណ្យអុំទូកចុងក្រោយហ្នឹង ដែរ ហើយមានការទៅទទួលលោកដើម្បីយាងចូលវេទិកាហ្នឹង មានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ហេង សំរិន ព្រមទាំងមានមន្រ្តីធំៗមួយចំនួនទៀតផង។ បន្ទាប់ពីកម្មវិធីប្រណាំងទូកចប់មានកម្មវិធីកាត់ព្រ័ត្រ កាត់កូនខ្លែង បង្ហោះប៉េងប៉ោង ហើយបន្ទាប់មកក៏មានការបាញ់កាំជ្រួចនិងបណ្ដែតប្រទីប។
បើតាមគណៈកម្មការបុណ្យអុំទូកគាត់ប្រកាសនោះបានឲ្យដឹងថា នៅក្នុងកម្មវិធីនោះមានអ្នកដែលទទួលបានពានរង្វាន់លេខមួយនោះនឹង ទទួលបានទឹកប្រាក់៣៥ម៉ឺន ហើយអ្នកដែលទទួលបានពានរង្វាន់លេខ២ បានទឹកប្រាក់៣០ម៉ឺន អ្នកទទួលបានពានរង្វាន់លេខ៣បាន២៥ម៉ឺន និងអ្នកទទួលពានរង្វាន់លេខ៤បាន២០ម៉ឺនរៀល។
ម៉ាយ៉ារិទ្ធិ ៖ សូមអរគុណ សោភ័ណ។ ឥឡូវនេះយើងងាកទៅកាន់លោក មករា ដែលទៅយកព័ត៌មាននៅក្នុងពិធីបុណ្យអុំទូកនោះដែរ។ លោក មករា តើទិដ្ឋភាពនៅថ្ងៃចុងក្រោយនេះយ៉ាងម៉េចដែរទៅ?
មករា ៖ បើយើងក្រឡេកមើលទៅខាងផ្នែកវត្តភ្នំវិញ ប្រជាពលរដ្ឋដែលបានមកលេងបុណ្យអុំទូកនេះ គាត់កំពុងតែសប្បាយរីករាយបានជួបជុំគ្នាជាមួយនឹងមិត្តភក្ដិបង ប្អូន ហើយគាត់បានអង្គុយបរិភោគអាហារនៅតាមទីធ្លាដែលក្រាលកន្ទេលជាដើម។ ហើយទន្ទឹមនឹងនោះនៅតាមសួនច្បារនានា ដូចជាសួនច្បារមុខវត្តបទុម សួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារដទៃទៀតទល់មុខព្រះបរមរាជវាំង គេសង្កេតឃើញថា ប្រជាពលរដ្ឋក៏កំពុងតែសប្បាយរីករាយនឹងមើលការបាញ់កាំជ្រួចនិង បណ្ដែតប្រទីបផងដែរ ហើយប្រជាពលរដ្ឋមួយចំនួនធំ គាត់ក៏បាននិងកំពុងបរិភោគអាហារ...។
ម៉ាយ៉ារិទ្ធិ ៖ តើមានការប្រគំជាតន្រ្តីឬក៏មានការលេងកំប្លែងអីដែរឬទេនៅតាមទីប្រជុំដែលមនុស្សជួបកកកុញនោះ?
មករា ៖ នៅតាមទីប្រជុំនានាហ្នឹងគេសង្កេតឃើញថា មានការប្រគំតន្រ្តីបន្តផ្ទាល់ផងដែរ ដូចជាការប្រគំតន្រ្តីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៩ ការប្រគំតន្រ្តីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ទូរទស្សន៍បាយ័ន និងទូរទស្សន៍អប្សរាជាដើម ហើយប្រជាពលរដ្ឋកំពុងតែមើលការប្រគំតន្រ្តីទាំងនោះឈរឡើងកកកុញ ទាំងអស់គ្នាតែម្ដង។
មករា ៖ ឥឡូវនេះ ខ្ញុំសុំបង្ហាញពីចំណាប់អារម្មណ៍របស់អ្នកកម្សាន្តម្នាក់នៅក្នុងពិធីបុណ្យអុំទូកនេះ។
ចាន់ សុគា ៖ ខ្ញុំឈ្មោះ ចាន់ សុគា។ មកពីខេត្តកណ្ដាល ប៉ុន្តែមករៀននៅក្រុងភ្នំពេញ។ នៅថ្ងៃចុងក្រោយក្នុងពិធីនេះមានភាពអធិកអធម។ ខ្ញុំមកលេងមុខវាំង ដើរមើលគេប្រគំតន្រ្តីអី មើលគេបុណ្យអុំទូក។
ម៉ាយ៉ារិទ្ធិ ៖ ឥឡូវនេះយើងជួបជាមួយនឹងអ្នកដំណើរម្នាក់ទៀត។ តើប្អូនស្រីឈ្មោះអ្វី ហើយមកពីខេត្តណាដែរ?
វ៉ាង វណ្ណា ៖ ខ្ញុំឈ្មោះ វ៉ាង វណ្ណា មកពីខេត្តកំពង់ចាម។
ម៉ាយ៉ារិទ្ធិ ៖ នៅថ្ងៃបុណ្យអុំទូកហ្នឹងប្អូនបានទៅកន្លែងណាខ្លះដែរ?
វ៉ាង វណ្ណា ៖ ខ្ញុំបានទៅមុខវាំង វិមានឯករាជ្យ សួនថ្មី ហើយនិងកន្លែងតាំងពិព័រណ៍មុខប៉ុស្តិ៍បាយ័ន។
ម៉ាយ៉ារិទ្ធិ ៖ ប្អូនស្រីចាប់អារម្មណ៍យ៉ាងណាចំពោះពិធីបុណ្យនេះ?
វ៉ាង វណ្ណា ៖ គឺសប្បាយ មានការបណ្ដែតប្រទីប ការបាញ់កាំជ្រួច និងការតាំងពិព័រណ៍ គ្រាន់តែថាវាមានការស្ទះប៉ុណ្ណឹងឯង។ ចរាចរណ៍ហ្នឹងស្ទះមិនសូវខ្លាំងប៉ុន្មានទេ គឺដោយទីកន្លែង។ កន្លែងដែលស្ទះខ្លាំងដូចជាកន្លែងតាំងពិព័រណ៍អីអ៊ីចឹង ដូចជាវិមានឯករាជ្យ មុខវាំង និងមុខវត្តបទុម ស្ទះ៣-៤កន្លែងហ្នឹងឯង។
ម៉ាយ៉ារិទ្ធិ ៖ បើប្អូនស្រីអាចសំណូមពរទៅបុណ្យអុំទូកឆ្នាំក្រោយទៅអាជ្ញាធរ តើសំណូមពរយ៉ាងម៉េចដែរ?
វ៉ាង វណ្ណា ៖ គ្រាន់តែជួយថាបិទម៉ូតូនិងឡានកុំឲ្យចូល ប៉ុណ្ណឹង ប្រហែលជាមិនសូវស្ទះទេ។ ចំពោះឡានអ្នកធំៗប្រហែលជាគ្មានបញ្ហាទេ ប៉ុន្តែនេះម៉ូតូ ជាពិសេសអាទុកទុក គឺចូលច្រើនមែនទែន៕

0 comments:

Post a Comment