Followers

ទិវា​គ្រូ​បង្រៀន​ពិភពលោក ៥តុល


សមត្ថកិច្ច​ប៉ូលិស​រាប់​សិប​នាក់​ប្រដាប់​ដោយ​ខែល ដំបង និង​កាំ​ភ្លើង​​​​​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក បាន​ឈរ​បិទ​ផ្លូវ​មិន​ឲ្យ​ក្រុម​គ្រូ​បង្រៀន​ដើរ​ហែ​ក្បួន​​ចេញ​ពី​ទី​ ស្នាក់ការ​សមាគម​​គ្រូ​​បង្រៀន​កម្ពុជា​ឯករាជ្យ​របស់​លោក រ៉ុង ឈុន តាម​បណ្តោយ​ផ្លូវ​លេខ ៩៥ ​ក្នុង​ខណ្ឌ​ចំការ​​​មន រាជធានី​ភ្នំពេញ។ តាម​គម្រោង ក្រុម​គ្រូ​បង្រៀន​ត្រូវ​ជួប​ជុំ​គ្នា​នៅ​សួន​ច្បារ ខាង​ត្បូង​ព្រះ​បរមរាជ​វាំង មុន​នឹង​​ដើរ​ហែ​ក្បួន​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​អប់រំ រដ្ឋសភា និង​ឆ្ពោះ​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​សព​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​កម្មករ​នៅ​ជិត​វិមាន​ឯករាជ្យ។

ទោះ​ជា​យ៉ាង​ណា ​នៅ​ព្រឹក​មិញ​ក្រុម​គ្រូ​បង្រៀន​បាន​ឈរ​លើក​បដា ពាក្យ​ស្លោក និង​ថ្លែង​​​​សារ​​​​ទុក្ខ​ម្តង​ម្នាក់ៗ​នៅ​ចម្ងាយ​ប្រមាណ ១០ ម៉ែត្រ ពី​មុខ​ទី​ស្នាក់ការ​សមាគម។ ក្រុម​គ្រូ​បង្រៀន​បាន​ឈរ​នៅ​មុខ​ក្រុម​ប៉ូលិស​ប្រហែល​ជា​២​ម៉ោង មុន​នឹង​រំសាយ។ ក្នុង​ព្រឹត្តិការណ៍​នោះ​មិន​បង្ក​ឲ្យ​ប៉ះ​ទង្គិច​ដោយ​កម្លាំង​បាយ ឬ​ដោយ​​ពាក្យ​សម្តី​ណា​មួយ​ឡើយ។ ក្នុង​ទិវា​គ្រូ​បង្រៀន​ពិភពលោក​នៅ​ថ្ងៃ​៥​តុលា​នេះ ក្រុម​គ្រូ​បង្រៀន​បាន​លើក​សំណើ​ច្រើន​​ចំនុច ដាក់​ជូន​រាជ​រដ្ឋាភិបាល​ដោះស្រាយ។ ក្រុម​គ្រូ​បង្រៀន​ស្នើ​ជា​ពិសេស ឲ្យ​រាជ​រដ្ឋាភិបាល​តម្លើង​​ប្រាក់​បៀវត្សរ៍ ១ លាន​រៀល ស្មើ​ប្រមាណ ២៥០ ដុល្លារ។

ទិវា​គ្រូ​បង្រៀន​ពិភពលោក ៥តុលា៖ គ្រូបង្រៀន ទារឡើងប្រាក់ខែ (រូបថត៖ ខឹម សុវណ្ណារ៉ា)

ទិវា​គ្រូ​បង្រៀន​ពិភពលោក ៥តុលា៖ គ្រូបង្រៀន ទារឡើងប្រាក់ខែ
(រូបថត៖ ខឹម សុវណ្ណារ៉ា)

សព្វ ​ថ្ងៃ​នៅ​កម្ពុជា មាន​គ្រូ​បង្រៀន​ថ្នាក់​ក្រោម​ឧត្តម​សិក្សា​ប្រមាណ ១០៥ ០០០ នាក់។ ចំណែក​ប្រាក់​ខែ​គ្រូ​បង្រៀន​វិញ ទទួល​បាន​ពី ៣៥​ ដុល្លារ ទៅ ៥០ ដុល្លារ ក្នុង​មួយខែ។ គឺ​ដោយសារ​តែ​ប្រាក់​ខែ​តិច​តួច​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​បាន​នេះ​ហើយ ទើប​នាំ​ឲ្យ​គ្រូ​បង្រៀន​លើក​បដា សរសេរ​អក្សរ​ធំៗ ថា ក្រពះ​ឃ្លាន បង្រៀន​មិន​កើត។ ប្រាក់ខែ​គ្រូ​តិច​តួច​ក៏​ត្រូវ​បាន​លោក​គ្រូ រ៉ុង ឈុន អត្ថាធិប្បាយ​ថា នាំ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​នៃ​ការ​អប់រំ​នៅ​កម្ពុជា។ ការ​ទាមទារ​របស់​ក្រុម​គ្រូ​បង្រៀន​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​បាន​ចេញ​ មុខ​ប្រតិកម្ម​តប​ភ្លាមៗ។ ក្នុង​​សន្និសីទ​កាសែត​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី លោក ង៉ោ ហុងលី អគ្គលេខា​ធិការ​ក្រុម​ប្រឹក្សា​កំណែ​ទម្រង់​រដ្ឋបាល​របស់​ទីស្តី​ការ​​​គណៈ​ រដ្ឋមន្ត្រី​បាន​ហៅ​ការ​ទាមទារ​តម្លើង​ប្រាក់​ខែ​​គ្រូ​បង្រៀន​ថា ជា​ការ​ទាមទារ​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់ និង​បង្កប់​ដោយ​​ចរិក​នយោបាយ។ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​បាន​គិត​​គូរ​​លើ​បញ្ហា​គ្រូ​បង្រៀន​តាម​ជំហាន​គីង្គក់ ដោយ​តម្លើង​ប្រាក់ខែ​គ្រូ ២០ % ក្នុង​មួយ​ឆ្នាំ៕