
Ayman al-Zawahiri មេដឹកនាំជាន់ខ្ពស់លំដាប់ទីពីររបស់ក្រុមភេរវនិយម Al Qaïda បានព្រមានដល់លោក Barack Obama ប្រធានាធិបតីថ្មីអាមេរិកថា ភាពបរាជ័យដែលជាកេរមរតកនៃនយោបាយរបស់លោក Bush កំពុងតែរង់ចាំប្រធានាធិបតីថ្មី។ ប្រមុខដឹកនាំ Al Qaïda រូបនេះថែមទាំងបានប្រើពាក្យជេរប្រមាថយ៉ាងធ្ងន់ៗដល់លោក Obama ទៀតផង។
នៅក្នុងសារជាសម្លេង ចុះផ្សាយលើគេហទំព័រជាភាសាអារ៉ាប់មួយ អ្នកដែលអះអាងថាខ្លួនគឺជា Ayman al-Zawahiri ប្រមុខដឹកនាំ Al Qaïda បានរិះគន់ខ្លាំងៗលើនយោបាយការបរទេសរបស់លោក Barack Obama ប្រធានាធិបតីដែលទើបនឹងជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក។ ការរិះគន់ផ្តោតជាពិសេសទៅលើនយោបាយរបស់លោក Obama ចំពោះប្រទេសអាហ្វហ្កានីស្តង់ និងអ៊ីស្រាអែល។
Al-Zawahiri ក៏បានរិះគន់ផងដែរដល់លោក Obama ថា បានភ្លេចកំណើតខ្លួនជាអ្នកកាន់សាសនាអ៊ីស្លាម ហើយមកបម្រើសត្រូវទៅវិញ ពីព្រោះឳពុករបស់លោក Obama គឺជាជនជាតិ Kenya ហើយជាអ្នកកាន់សាសនាអ៊ីស្លាម ប៉ុន្តែ លោក Obama គឺជាអ្នកកាន់សាសនាគ្រីស្ត។ ប្រមុខដឹកនាំ Al Qaïda រូបនេះថែមទាំងបានប្រៀបប្រដូចប្រធានាធិបតីថ្មីរបស់អាមេរិកថា ជា “ទាសករ” ទៀតផង ដោយបានប្រើពាក្យថា “House Negro” ជាភាសាអង់គ្លេស ដែលសំដៅលើជនជាតិស្បែកខ្មៅដែលត្រូវបានពួកស្បែក ស យកមកធ្វើជាទាសករ។
ការជេរប្រមាថដោយប្រើពាក្យសម្តីធ្ងន់ៗនេះ មិនសំដៅលើត្រឹមតែលោក Obama ម្នាក់នោះទេ តែ Ayman al-Zawahiri ក៏ បានលើកឡើងអំពីជនជាតិអាមេរិកស្បែកខ្មៅ ដែលកន្លងមកធ្លាប់កាន់តំណែងខ្ពស់នៅក្នុងរដ្ឋាភិបាលអាមេរិកដែរ ក្នុងនោះរួមមានលោក Collin Powel អតីតរដ្ឋមន្រ្តីក្រសួងការបរទេស និងលោកស្រី Condoleezza Rice រដ្ឋមន្រ្តីក្រសួងការបរទេសបច្ចុប្បន្នរបស់អាមេរិក។
ការដែលមេដឹកនាំ Al Qaïda រិះគន់លោក Obama ធ្ងន់ៗបែបនេះ ពីព្រោះលោក Obama ធ្លាប់បានប្រកាសច្បាស់ៗហើយថា នៅក្នុងនយោបាយប្រឆាំងភេរវកម្មរបស់លោក គឺនឹងផ្តោតអាទិភាពទៅលើការកម្ទេចក្រុម Al Qaïda និងចាប់ខ្លួន Osama bin Laden ព្រមទាំងគូកនឲ្យបាន។
ប៉ុន្តែ បើយើងវិភាគឲ្យស៊ីជម្រៅជាងនេះទៀតទៅ យើងអាចឃើញថា សាររបស់មេដឹកនាំ Al Qaïda នៅ ពេលនេះ កំពុងតែបង្ហាញថា ពួកគេកំពុងតែភ័យព្រួយនឹងប្រជាប្រិយភាពរបស់ប្រធានាធិបតីអាមេរិក ដែលទើបនឹងជាប់ឆ្នោតថ្មីនេះ។ លោក Barack Obama បាន ជាប់ឆ្នោត កាលពីថ្ងៃទី៤ វិច្ឆិកា កន្លងទៅនេះ ដោយមានការអបអរសាទយ៉ាងគគ្រឹកគគ្រេងពីគ្រប់មជ្ឈដ្ឋាន ទាំងនៅអាមេរិក និងនៅពាសពេញពិភពលោក។ លោក Obama កំពុងតែធ្វើឲ្យអាមេរិក ដែលកាលនៅក្រោមអំណាចលោក Bush មិនសូវមានគេចូលចិត្ត ឥឡូវបានផ្លាស់ប្តូរមុខមាត់ថ្មីវិញ។
ជាងនេះទៅទៀត អង្គការ Al Qaïda កន្លងមក តែងតែធ្វើការវាយប្រហារលើអាមេរិក ដោយចោទប្រកាន់ថា ជាប្រទេសចក្រពត្តិនិយម ជាអ្នកចូលចិត្តជិះជាន់ កេងប្រវ័ញ្ចលើជនជាតិទន់ខ្សោយ។ ក៏ប៉ុន្តែ នៅពេលនេះ ជនជាតិអាមេរិកដដែលនេះ បែរជាបាននាំគ្នាបោះឆ្នោតគាំទ្រយ៉ាងគគ្រឹកគគ្រេងឲ្យជនជាតិស្បែក ខ្មៅម្នាក់ ដែលជាជនជាតិភាគតិចប៉ុណ្ណោះរបស់អាមេរិក ឡើងមកធ្វើជាប្រធានាធិបតីទៅវិញ។
ប្រជាប្រិយភាពរបស់លោក Obama ប្រហែលជាកំពុងតែធ្វើឲ្យ Al Qaïda ភ័យ ស្លន់ស្លោ ខ្លាចបាត់បង់ធម្មានុរូបភាព និយាយអ្វីលែងមានន័យ គ្មានអ្នកណាស្តាប់ គ្មានអ្នកណាជឿ សូម្បីតែក្នុងចំនោមអ្នកកាន់សាសនាអ៊ីស្លាមដូចគ្នា។
Archives
My Blog List
Followers
Showing posts with label ប្រមុខដឹកនាំ Al Qaïda ជេរប្រមាថលោក Obama. Show all posts
Showing posts with label ប្រមុខដឹកនាំ Al Qaïda ជេរប្រមាថលោក Obama. Show all posts
ប្រមុខដឹកនាំ Al Qaïda ជេរប្រមាថលោក Obama
Posted by Mr.Phalla at 4:08 AM 0 comments
Subscribe to:
Posts (Atom)