ប្រទេសថៃមានរដ្ឋាភិបាលថ្មីហើយ ដែលនាយករដ្ឋមន្រ្តីថ្មីចេញមកពីគណបក្សប្រឆំាង។
រដ្ឋាភិបាលក្រុងភ្នំពេញបានសម្តែងការស្វាគមន៍ ប្រសិនបើប្រទេសថៃអាចបញ្ចប់វិបត្តិផ្ទៃក្នុងរបស់ខ្លួន។ បើទោះបីជាកន្លងមក គណបក្សប្រឆាំងធ្លាប់បានលើកយកបញ្ហាព្រំដែនព្រះវិហារទៅធ្វើជាប្រធានបទនយោបាយក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជានៅតែមិនបារម្ភអំពីដំណើរការចរចាលើវិបត្តិព្រំដែនរវាងប្រទេសទំាងពីរទេ។
ផ្ទុយទៅវិញ កិច្ចការចរចារនេះអាចនឹងមានដំណើរការទៅមុខលឿនជាងមុន ក៏អាចថាបាន។
កាលពីពេលដែលប្រទេសថៃត្រូវបានគ្រប់គ្រងដោយក្រុមបក្សពួករបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវាត គឺក្រុមគណបក្សប្រឆាំងរបស់លោកអាហ៊ីស៊ីតដែលបានលើកយកបញ្ហាព្រំដែនមកធ្វើនយោបាយកម្មដើម្បីវាយប្រហាររដ្ឋាភិបាល។ ឥឡូវអ្នកដែលមានគំនិតតឹងតែងក្នុងសំណុំរឿងព្រំដែននេះ បានជាប់ឆ្នោតដឹកនាំរដ្ឋាភិបាលថៃនៅថ្ងៃទី១៥ធ្នូ២០០៨។
ដូច្នេះ តើការចរចាលើសំណុំរឿងព្រំដែនកម្ពុជា-ថៃនឹងប្រព្រឹត្តិទៅយ៉ាងណា?
សម្រាប់កម្ពុជា វានៅតែមិនមែនជារឿងគួរឲ្យព្រួយបារម្ភដដែល។
ថ្លែងជាលក្ខណៈការទូត លោកខៀវ កាញារីទ្ធ អ្នកនាំពាក្យរបស់រដ្ឋាភិបាលក្រុងភ្នំពេញបានមានប្រសាសន៍ថា គណបក្សណាឡើងកាន់អំណាចនៅប្រទេសថៃមិនសំខាន់ទេ សំខាន់គឺប្រទេសថៃអាចដោះស្រាយវិបត្តិផ្ទៃក្នុងរបស់ខ្លួន ហើយអាចបន្តទំនាក់ទំនងទ្វេរភាគីក្នុងវិស័យការទូត និងវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។អត្ថាធិប្បាយលើសំណុំរឿងព្រំដែន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានអះអាងយ៉ាងម៉ឺងម៉ាត់ថា នៅលើផ្លូវច្បាប់ កម្ពុជានៅតែឈ្នះលើប្រទេសថៃដដែល នេះបើទោះជាការដោះស្រាយអាចនឹងស៊ីពេលយូរបន្តិចយ៉ាងណាក៏ដោយ។
ថ្លែងលើសំណុំរឿងព្រំដែនដូចគ្នា អ្នកនាំពាក្យរបស់ក្រសួងការបរទេសខ្មែរលោកកុយ គួងបានបញ្ជាក់ថា កម្ពុជាសង្ឃឹមថាគណៈរដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃនឹងបន្តការចរចាវិបត្តិព្រំដែនជាមួយយន្តការដែលមានស្រាប់កន្លងមក។ លោកកុយ គួងយល់ស្របថា កន្លងមកគណបក្សប្រឆាំងរបស់ថៃបានបង្ហាញជំហរតឹងតែងនៅក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃមែន។ ប៉ុន្តែលោកមិនគិតថា ជំហរនេះនឹងនៅតែមានបន្តទៅមុខទៀតនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសខ្មែរបានផ្តល់ការវិភាគថា អាចប្រើប្រាស់សំណុំរឿងព្រំដែនដើម្បីទាញយកផលចំណេញនយោបាយផ្ទៃក្នុងប្រទេសរបស់ខ្លួនតែប៉ុណ្ណោះ។ ក៏ប៉ុន្តែក្នុងដំណែងជារដ្ឋាភិបាល ពួកគេអាចនឹងផ្លាស់ប្តូរជំហរនិងបត់បែនតាមស្ថានការណ៍៕
Archives
My Blog List
Followers
កម្ពុជាសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់ថៃ នឹងបន្តចរចារឿងព្រំដែន
Posted by Mr.Phalla at 6:38 AM
Labels: កម្ពុជាសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់ថៃ នឹងបន្តចរចារឿងព្រំដែន
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment