សមត្ថកិច្ចប៉ូលិសរាប់សិបនាក់ប្រដាប់ដោយខែល ដំបង និងកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បានឈរបិទផ្លូវមិនឲ្យក្រុមគ្រូបង្រៀនដើរហែក្បួនចេញពីទី ស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរបស់លោក រ៉ុង ឈុន តាមបណ្តោយផ្លូវលេខ ៩៥ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមគម្រោង ក្រុមគ្រូបង្រៀនត្រូវជួបជុំគ្នានៅសួនច្បារ ខាងត្បូងព្រះបរមរាជវាំង មុននឹងដើរហែក្បួនទៅដាក់ញត្តិនៅក្រសួងអប់រំ រដ្ឋសភា និងឆ្ពោះទៅគោរពវិញ្ញាណក្ខន្ធសពលោក ជា វិជ្ជា អតីតប្រធានសហជីពកម្មករនៅជិតវិមានឯករាជ្យ។
ទោះជាយ៉ាងណា នៅព្រឹកមិញក្រុមគ្រូបង្រៀនបានឈរលើកបដា ពាក្យស្លោក និងថ្លែងសារទុក្ខម្តងម្នាក់ៗនៅចម្ងាយប្រមាណ ១០ ម៉ែត្រ ពីមុខទីស្នាក់ការសមាគម។ ក្រុមគ្រូបង្រៀនបានឈរនៅមុខក្រុមប៉ូលិសប្រហែលជា២ម៉ោង មុននឹងរំសាយ។ ក្នុងព្រឹត្តិការណ៍នោះមិនបង្កឲ្យប៉ះទង្គិចដោយកម្លាំងបាយ ឬដោយពាក្យសម្តីណាមួយឡើយ។ ក្នុងទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃ៥តុលានេះ ក្រុមគ្រូបង្រៀនបានលើកសំណើច្រើនចំនុច ដាក់ជូនរាជរដ្ឋាភិបាលដោះស្រាយ។ ក្រុមគ្រូបង្រៀនស្នើជាពិសេស ឲ្យរាជរដ្ឋាភិបាលតម្លើងប្រាក់បៀវត្សរ៍ ១ លានរៀល ស្មើប្រមាណ ២៥០ ដុល្លារ។
សព្វ ថ្ងៃនៅកម្ពុជា មានគ្រូបង្រៀនថ្នាក់ក្រោមឧត្តមសិក្សាប្រមាណ ១០៥ ០០០ នាក់។ ចំណែកប្រាក់ខែគ្រូបង្រៀនវិញ ទទួលបានពី ៣៥ ដុល្លារ ទៅ ៥០ ដុល្លារ ក្នុងមួយខែ។ គឺដោយសារតែប្រាក់ខែតិចតួចមិនអាចផ្គត់ផ្គង់ជីវភាពបាននេះហើយ ទើបនាំឲ្យគ្រូបង្រៀនលើកបដា សរសេរអក្សរធំៗ ថា ក្រពះឃ្លាន បង្រៀនមិនកើត។ ប្រាក់ខែគ្រូតិចតួចក៏ត្រូវបានលោកគ្រូ រ៉ុង ឈុន អត្ថាធិប្បាយថា នាំឲ្យប៉ះពាល់ដល់គុណភាពនៃការអប់រំនៅកម្ពុជា។ ការទាមទាររបស់ក្រុមគ្រូបង្រៀនត្រូវបានមន្ត្រីរដ្ឋាភិបាលបានចេញ មុខប្រតិកម្មតបភ្លាមៗ។ ក្នុងសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ង៉ោ ហុងលី អគ្គលេខាធិការក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាលរបស់ទីស្តីការគណៈ រដ្ឋមន្ត្រីបានហៅការទាមទារតម្លើងប្រាក់ខែគ្រូបង្រៀនថា ជាការទាមទារមិនមានមូលដ្ឋានច្បាស់លាស់ និងបង្កប់ដោយចរិកនយោបាយ។ មន្ត្រីរដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលបានគិតគូរលើបញ្ហាគ្រូបង្រៀនតាមជំហានគីង្គក់ ដោយតម្លើងប្រាក់ខែគ្រូ ២០ % ក្នុងមួយឆ្នាំ៕
1 comments:
Thanks for the information
FIND GAY PEOPLE ON: face-pic.com
Post a Comment